នៅក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៣៨ របស់អង្គការFAO (APRC38) ដែលជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតក្នុងតំបន់ស្តីពីស្បៀងអាហារ កសិកម្ម និងការអភិវឌ្ឍន៍ជនបទ កាលពីថ្ងសទី២៣ ខែមេសា លោកស្រី យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់ប្រទេសកម្ពុជា៖ ក្នុងការអំពាវនាវរកសន្តិភាព ការវិនិយោគ និងសកម្មភាពអាកាសធាតុ ដើម្បីការពារសន្តិសុខស្បៀងក្នុងតំបន់។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានអំពាវនាវឱ្យមានការគាំទ្រជាបន្ទាន់ដល់កសិករ ដែលកំពុងប្រឈមនឹងការឡើងថ្លៃនៃធាតុចូលកសិកម្ម ការបង្កើនការវិនិយោគតាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងការជំរុញសកម្មភាពឱ្យកាន់តែខ្លាំងក្លាដើម្បីពង្រឹងវិស័យជលផលទឹកសាប និងវារីវប្បកម្មប្រកបដោយនិរន្តរភាព។
កម្ពុជា ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីកសាងប្រព័ន្ធស្បៀងកសិកម្មដែលមានភាពធន់ និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពត្រឹមឆ្នាំ២០៣០៕



