ក្រុមហ៊ុនបារាំង BRL Ingénierie បង្ហា្ពញពីបំណងពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិស័យអាទិភាព សំដៅជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ តាមរយៈការបង្កើនការចូលរួមពីវិស័យឯកជន។

នេះបើយោងតាមរយៈជំនួបពិភាក្សាការងាររវាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយ លោក Gilles Rocquelain នាយកប្រតិបត្តិនៃក្រុមហ៊ុនបារាំង BRL Ingénierie និងគណៈប្រតិភូ កាលពីពេលថ្មីៗនេះ ដើម្បីស្វែងយល់ពីកាលានុវត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោក ថោ ជេដ្ឋា បានវាយតម្លៃខ្ពស់ចំពោះបំណងពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិស័យអាទិភាព សំដៅជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ តាមរយៈការបង្កើនការចូលរួមពីវិស័យឯកជន។

លោកក៏បានជម្រាបជូនគណៈប្រតិភូអំពីទិសដៅការងារអាទិភាពរបស់ក្រសួង ក្នុងការបន្តកសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងឧតុនិយម ព្រមទាំងបានបញ្ជាក់ពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ និងធានាឱ្យបាននូវសន្តិសុខទឹកប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្រុមហ៊ុន BRL Ingénierie គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ និងវិស្វកម្មដ៏ល្បីល្បាញរបស់បារាំង ដែលមានឯកទេសខ្ពស់លើការគ្រប់គ្រងធនធានទឹក កសិកម្ម និងសេវាកម្មបរិស្ថាន។ បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Compagnie Nationale d’Aménagement de la Région du Bas Rhône et du Languedoc ដែលមានបទពិសោធន៍តាំងពីឆ្នាំ១៩៥៥ មកម៉្លេះ៕

