ក្តីសង្ឃឹមសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ត្រូវរសាត់បាត់ ក្រោយលោក ត្រាំ លុបចោលការចរចា

អន្តរជាតិ

ក្តីសង្ឃឹមនៃការដោយស្រាយផ្នែកការទូត នៅក្នុងសង្គ្រាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ហាក់កំពុងតែត្រូវរសាត់ទៅបាត់ ដោយកិច្ចចរចាដែលមានគោលបំណងបញ្ចប់ជម្លោះរយៈពេលពីរខែ នៅតែបន្តជាប់គាំង ខណៈទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បង្ហាញពីឆន្ទៈតិចតួចប៉ុណ្ណោះ ក្នុងការបន្ទន់លក្ខខណ្ឌរបស់ពួកគេរៀងៗខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ត្រូវបានគេរាយការណ៍ថា បានចាកចេញពីប្រទេសប៉ាគីស្ថាន ដោយដៃទទេនៅចុងសប្តាហ៍មុន ស្របពេលប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដោយបេសកជនពិសេស លោក Steve Witkoff និង Jared Kushner ផងដែរ។

ភាពជាប់គាំងនេះ ហាក់បានធ្វើឲ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងមហាអំណាចប្រេងដ៏សំខាន់មួយ ត្រូវជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាជាថ្មី ដែលបានជំរុញឲ្យតម្លៃថាមពលឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលច្រើនឆ្នាំ ក៏ដូចជាបង្កើនអតិផរណា និងធ្វើឲ្យទស្សនវិស័យកំណើនសកលលោកធ្លាក់ចូលទៅក្នុងភាពងងឹត។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រាប់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif តាមទូរស័ព្ទថា ទីក្រុងតេអេរ៉ង់ ដាច់ខាតនឹងមិនចូលរួមក្នុង ការចរចាដែលបានដាក់ចេញមកក្រោមការគំរាមកំហែង ឬការបិទផ្លូវនោះទេ។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតីអាមេរិក លោក ត្រាំ ក៏បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋផ្លរីដាកាលពីពេលថ្មីៗនេះថា លោកបានលុបចោលដំណើរទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិក ដោយសារតែការចរចាពាក់ព័ន្ធនឹងការធ្វើដំណើរ និងការចំណាយច្រើនពេក ដែលមិនអាចធានាចំពោះការផ្តល់ជូនគ្រប់គ្រាន់ពីអ៊ីរ៉ង់។

ជម្រាបជូនថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមជាមួយនឹងការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិក និងរដ្ឋឈូងសមុទ្រ មុនពេលមានបទឈប់បាញ់មួយត្រូវបានធ្វើឡើង៕​