Vingroup ឡើងកូដក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតទី៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីវៀតណាម Pham Nhat Vuong បានឡើងតំណែងជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតទី៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការកើនឡើងភាគហ៊ុនរហូតដល់ ៦០% ក្នុងរយៈពេលមួយខែចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនធំបំផុតរបស់វៀតណាម ឥឡូវនេះមានតម្លៃមូលធនទីផ្សារជាង ១,៦ពាន់ទ្រីលានដុង ឬស្មើប្រមាណ ៦០ពាន់លានដុល្លារ ដោយតាមពីក្រោយតែក្រុមហ៊ុន DBS Group របស់ប្រទេសសិង្ហបុរី ក្រុមហ៊ុន Delta Electronics របស់ប្រទេសថៃ និងក្រុមហ៊ុន OCBC របស់សិង្ហបុរីប៉ុណ្ណោះ។

គួរឲ្យដឹងថា ក្រុមហ៊ុន DBS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ និងជាធនាគារធំជាងគេមួយរបស់អាស៊ី មានតម្លៃមូលធនទីផ្សាររហូតដល់ ១២៦,៥ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Delta Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ថៃ មានតម្លៃ ១០០ពាន់លានដុល្លារ។

ជម្រាបជូនថា នៅក្នុងការកើនឡើងចុងក្រោយនេះ ក្រុមហ៊ុន Vingroup ក៏បានវ៉ាដាច់ក្រុមហ៊ុនល្បីៗមួយចំនួននៅអាស៊ីបូព៌ា ដូចជាក្រុមហ៊ុន Kia របស់កូរ៉េខាងត្បូង ក្រុមហ៊ុន KB Financial Group ក្រុមហ៊ុន Shinhan Financial Group ក្រុមហ៊ុន Nintendo ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Sumitomo និងក្រុមហ៊ុន Daikin របស់ប្រទេសជប៉ុនផងដែរ៕​