កម្ពុជា-ប៉ូឡូញ ប្តេជ្ញាធ្វើការរួមគ្នាឱ្យកាន់តែស្និទ្ធស្នាល ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀត សំដៅឈានទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារក្រៅផ្លូវការរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Władysław T. Bartoszewski រដ្ឋលេខាធិការនៃក្រសួងការបរទេស នៃសាធារណរដ្ឋប៉ូឡូញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Władysław T. Bartoszewski រដ្ឋលេខាធិការនៃក្រសួងការបរទេស នៃសាធារណរដ្ឋប៉ូឡូញ បានប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាឱ្យកាន់តែស្និទ្ធស្នាល ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ខណៈដែលកម្ពុជានិងប៉ូឡូញ អបអរសាទរខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ នៅឆ្នាំ២០២៦ នេះ។
សូមជម្រាបដែរថា នៅថ្ងៃដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ឆ្លៀតពិភាក្សាក្រៅផ្លូវការជាមួយលោកស្រី Ana Isabel Xavier រដ្ឋលេខាធិការនៃក្រសួងការបរទេសព័រទុយហ្កាល់ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៥ នៅរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម ផងដែរ៕អត្ថបទ៖ហ្សាលីន

