នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Takaichi មកកាន់ប្រទេសវៀតណាម គិតចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៥ មក។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ នៅថ្ងៃទី២៨ ខែមេសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Ito Naoki បានថ្លែងថា ដំណើរទស្សនកិច្ចនេះ បង្ហាញពីសារៈសំខាន់ ចំពោះនាយករដ្ឋមន្ត្រី លោកស្រី Takaichi ផ្ទាល់ ក៏ដូចជារដ្ឋាភិបាលជប៉ុន ជុំវិញទំនាក់ទំនងជប៉ុន-វៀតណាម។ ហើយមិនតែប៉ុណ្ណោះ វាក៏បានឆ្លុះបញ្ចាំងពីការគោរព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីរបស់វៀតណាម នៅលើឆាកអន្តរជាតិផងដែរ។
លោក Naoki បានថ្លែងទៀតថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹង និងកសាងទំនុកចិត្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងពិភាក្សាអំពីវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ ដូចជាសេដ្ឋកិច្ច ថាមពល និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនជាដើម។
ជម្រាបជូនថា លោកស្រី Takaichi គឺជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ Kobe ប្រទេសជប៉ុន។ ពីមុនលោកស្រីធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីដែលត្រួតពិនិត្យវិស័យដូចជាកិច្ចការផ្ទៃក្នុង ទំនាក់ទំនង សន្តិសុខសេដ្ឋកិច្ច គោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លំហ និងកម្មសិទ្ធិបញ្ញា៕

