រដ្ឋ ពន្លឿនគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ខាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ ដើម្បូជំរុញគម្រោងគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីប្រយោជន៍ដល់ប្រជាជន។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក Laurent Raspaud តំណាងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារ AFD ប្រចាំកម្ពុជា ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច រដ្ឋបាលខេត្តបន្ទាយមានជ័យ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ទីរធនធានទឹក ទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ និងអង្គភាពគ្រប់គ្រងគម្រោងជាច្រើនរូបទៀត។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ បានឱ្យដឹងថា គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងភូមិសាស្ដ្រ​ខេត្តបន្ទាយមានជ័យ មានរយៈពេលអនុវត្ត ៦ឆ្នាំ ដោយទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

សូមជម្រាបថា​ ការអនុវត្តគម្រោងនេះ មានគោលបំណងដោះស្រាយបញ្ហាជលសាស្ត្រ និងឆ្លើយតបទៅនឹងតម្រូវការទឹកក្នុងតំបន់ ដោយផ្ដោតលើការកែលម្អប្រព័ន្ធធារាសាស្ត្រ បង្កើនសមត្ថភាពស្តុកទឹក និងកាត់បន្ថយហានិភ័យទឹកជំនន់ ព្រមទាំងលើកកម្ពស់អភិបាលកិច្ចទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ គម្រោងនឹងជំរុញកសិកម្មឆ្លាតវៃដើម្បីបង្កើនប្រាក់ចំណូលកសិករ ដោយផ្អែកលើគោលការណ៍ «ដំណោះស្រាយផ្អែកលើធម្មជាតិ (NbS)» ដើម្បីធានាចីរភាពបរិស្ថាន និងតុល្យភាពប្រព័ន្ធអេកូឡូស៊ីយូរអង្វែង។

យោងតាមលទ្ធផលនៃការសិក្សាបឋម អាងស្ទឹងស្វាយចេកបាននិងកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា ការរំខាននៃលំហូរទឹកពីផ្នែកខាងលើ ស្ថានភាពអាងស្តុកទឹកមានភាពទ្រុឌទ្រោម និងសំណង់កាត់ស្ទឹងមិនទាន់ស្របតាមបច្ចេកទេស ដែលបង្កជាគ្រោះទឹកជំនន់ និងភាពរាំងស្ងួតជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន សមត្ថភាពស្តុកទឹកក្នុងអាងមានត្រឹមតែ ១៨ លានម៉ែត្រគូប ខណៈដែលតម្រូវការជាក់ស្តែងសម្រាប់កសិកម្ម និងការប្រើប្រាស់ទូទៅមានរហូតដល់ ១៥៥ លានម៉ែត្រគូប។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ អង្គភាពគ្រប់គ្រងគម្រោង និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ គម្រោងនេះនឹងក្លាយជាសមិទ្ធផលដ៏សំខាន់សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ដែលជាតំបន់ធ្លាប់រងគ្រោះដោយសារធម្មជាតិ និងផលវិបាកនៃសង្គ្រាមស៊ីវិលនាពេលកន្លងមក៕ អត្ថបទ៖ ហ្សាលីន