ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ ៩០នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកដ្ឋាន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រចំនួន ៩០នាក់ ឱ្យចូលស្នាក់នៅបណ្តោះអាសន្ននៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ នេះបើយោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ពីក្រសួង មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយផ្តល់ឱកាសដល់និស្សិតនារីឆ្នាំទី១ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ ទាំងនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃសិក្សា។

ដើម្បីមានសិទ្ធិចូលរួមក្នុងការជ្រើសរើសនេះ បេក្ខនារីត្រូវជានិស្សិតនារីក្រីក្រ ឬជានិស្សិតនារីដែលមានពិការភាព ដោយតម្រូវឱ្យមានលិខិតបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរឃុំ-សង្កាត់។ ជាមួយគ្នានេះ បេក្ខនារីក៏ត្រូវតែជានិស្សិតនៅលីវ ព្រមទាំងមានវិន័យ និងសីលធម៌ល្អនៅក្នុងការរស់នៅផងដែរ។

ចំពោះនីតិវិធីនៃការដាក់ពាក្យ បេក្ខនារីដែលមានបំណងស្នើសុំស្នាក់នៅ ត្រូវយកពាក្យស្នើសុំទៅដាក់ដោយផ្ទាល់ដៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលខ្លួនកំពុងសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។

បន្ទាប់ពីដំណើរការពិនិត្យ និងសម្រេចដោយគណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា រួចរាល់ ការប្រកាសលទ្ធផលផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីផ្ទាល់ និងបង្ហោះលើគេហទំព័រផ្លូវការរបស់ក្រសួង។ សម្រាប់ព័ត៌មានបន្ថែម បេក្ខនារី និងអាណាព្យាបាលអាចសាកសួរតាមរយៈលេខទូរសព្ទ ០៨៩ ៦៧៧ ៨៨៧ ឬ ០៧៧ ៤៨៦ ៧៨៧៕