អ្នកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានទទួលជួប និងពិភាក្សាការងារជាមួយលោក Bor Ma និងគណៈប្រតិភូមកពី DONGGUAN CITY ASSOCIATION OF ENTERPRISE WITH FOREIGN INVESTMENT នៃសាធារណរដ្ឋប្រជាមានិតចិន នៅអគារ The Gateway។

ក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ាបានផ្សព្វផ្សាយអំពីវឌ្ឍនភាពថ្មីៗ និងសក្ដានុពលនៅប្រទេសកម្ពុជា ដោយរួមមានទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ាក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគចិន និងប្ដេជ្ញាជំរុញបន្ថែមទៀតដល់វិនិយោគិនចិន ដែលមកបណ្ដាក់ទុននៅប្រទេសកម្ពុជា។
សូមជម្រាបថា ប្រទេសចិន បានឈរលំដាប់លេខ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅក្នុងឆ្នាំ២០២៥ ក្នុងទំហំទឹកប្រាក់ ៥ ៤២៥លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលដើមខែមករា ឆ្នាំ២០២៦៕










