ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពការងារដែលសម្រេចបាន, វិភាគ និងវាយតម្លៃលើស្ថិតិទេសចរណ៍ ស្ថានភាពទេសចរណ៍ក្នុងប្រទេសតំបន់ និងពិភពលោក ព្រមទាំងកំណត់នូវកត្តាហានិភ័យនានាក៏ដូចជាកាលានុវត្តភាពដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងផែនការសកម្មភាពឱ្យចំគោលដៅ ទាន់ពេលវេលា មានភាពបត់បែន និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្ន និងរយៈពេលមធ្យមដែលជាទិសដៅការងារបន្ត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន ក.ផ.ផ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ ដែលចាត់ទុកថានេះជាតម្លៃបន្ថែមក្នុងការជំរុញការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគាំទ្រលើទិសដៅការងារបន្ត ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារមួយចំនួន រួមមាន៖
១. ការចូលរួមជំរុញការផ្សព្វផ្សាយអំពីយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Visit Cambodia in Green Season Campaign) (ចាប់ពីខែឧសភា ដល់តុលា) ដោយផ្សារភ្ជាប់គំនិតផ្តួចផ្តើម “The Green Wonder” របស់ (ក.ផ.ផ)
២. ការរៀបចំផែនការគាំទ្រដល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន កាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
៣. ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ប្រកបដោយភាពបត់បែន
៤. ជំរុញយុទ្ធនាការចាក់ទឹកថ្លាក្នុងទឹកល្អក់ ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និង
៥. រៀបចំផែនការយុទ្ធសាស្ត្រក្នុងការចូលរួមផ្សព្វផ្សាយអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញទៅកាន់ទីផ្សារគោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរ និងវិនិយោគិនបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។






















