រំឭក! សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលកម្ចាត់ចោលមន្ដ្រីនិងឈ្មួញ ដែលបន្ដលួចនាំចូលទំនិញពីប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានស្នើឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ចាត់ចោលមន្ត្រីនិងឈ្មួញ ដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែន​នៅបិទ។ សំណើរបស់ប្រធានព្រឹទ្ធសភាបែបនេះ បន្ទាប់ពីផ្ទុះមានករណីនាំចូលទំនិញជាច្រើនតោនពីថៃមកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេច ហ៊ុន សែន តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន បានបញ្ជាក់បន្ថែមថា ការបន្ដលួចនាំទំនិញពីថៃចូល​មក​កម្ពុជា ធ្វើឱ្យអ្នកជិតខាងមើលងាយកម្ពុជាថាអត់ទំនិញគេមិនបាន។ ហេតុនេះអ្នកដែលលួចនាំទំនិញ​ចូលនេះ​សម្ដេចថា ប្រសិនបើសម្ដេចនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន សម្ដេចនឹងចេញបញ្ជាចាប់ខ្លួនឬដកចេញ​ពីមន្ត្រី​តែម្តង។ តែទោះជាមិនកាន់តួនាទីជានាយករដ្ឋមន្ដ្រី ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ដាំផ្ញើថា “សូមកុំគិតថាឆ្មាមិន​នៅកណ្តុរឡើងរាជ្យឱ្យសោះ”។

សំណើរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា​យ៉ាងច្រើន ហើយពលរដ្ឋ​កម្ពុជា​ក៏ចង់ឃើញរាជរដ្ឋាភិបាល វែកមុខមន្ដ្រីដែលពាក់ព័ន្ធផងដែរ។

សូមជម្រាបថា បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចាត់វិធានការទៅវិញ​ទៅមកជាបន្តបន្ទាប់ ក្នុងនោះរួមទាំងការបិទព្រំដែនដីគោក និងហាមឃាត់ការនាំចូលទំនិញពីប្រទេសថៃផងដែរ។ ទោះយ៉ាងណា មួយរយៈចុងក្រោយនេះ ក៏នៅមានមន្ត្រីនិងឈ្មួញមួយចំនួន លួចនាំចូលសាច់បង្កករាប់តោន មក​​ដល់​រាជធានីភ្នំពេញ ហើយថ្មីៗនេះក៏បែកធ្លាយថាឈ្មួញលួចនាំចូលទុរេនពីថៃទៀតផងដែរ៕