អន្តរស្ថាប័ន បើកកិច្ចពិភាក្សាលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង​

សង្គម​ និង​សេដ្ឋកិច្ច

ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពី ​លោក ជា​ សុមេធី​ ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​  អតីត​យុទ្ធ​ជន​ និង​យុវនីតិសម្បទា លោក ​ ធូ​ ស៊ុន​ រដ្ឋលេខាធិការ​ បានដឹកនាំ​ក្រុម​ការងារ​ចូល​រួម​កិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង​ ក្រោម​អធិបតី​ភាព​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធរួមមាន៖​ ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមដោយផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់និងសមស្រប ដែលអាចប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង សំដៅម៉្យាងអាចឱ្យក្មេងទំនើងបំពេញការងារ ឬធ្វើសកម្មភាពមួយចំនួនដែលគាំទ្រដល់ផលប្រយោជន៍នៅតាមបណ្តោយព្រំដែន និងម៉្យាងទៀត អាចឱ្យក្មេងទំនើងទទួលការអប់រំ កែប្រែ និងស្តារនីតិសម្បទា ដើម្បីធានាការធ្វើសមារហណកម្មចូលមកសង្គមវិញដោយជោគជ័យ និងបានកែប្រែខ្លួនពីក្មេងទំនើងមកជាពលរដ្ឋល្អវិញ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចធិបតី ធ្លាប់បានលើកឡើងថានឹងបញ្ជូនក្មេងទំនើងឱ្យទៅជួយការងារនៅសមរភូមិជួរមុខ ដូចជាការចាក់ពុម្ពបេតុងធ្វើលេណដ្ឋានជូនកងទ័ព ដើម្បីឱ្យពួកគេយល់ពីការលំបាក និងមានស្មារតីស្នេហាជាតិ ជាជាងការដាក់ពន្ធនាគារតែមួយមុខ។ប៉ុន្តែមិនមែនយកពួកគេទៅកាន់អាវុធឡើយ។