ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ នៅឆ្នាំ២០២៦នេះ នឹងធ្វើឡើងក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។
សូមរម្លឹកដែរថា បុណ្យសមុទ្រលើកទី១១ ត្រូវបានរៀបចំឡើងនៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ដែលមានគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ អភិរក្សធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
ក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យសមុទ្រនេះ មិនត្រឹមតែគ្រាន់តែរៀបចំបុណ្យនោះឡើយ តែក៏ជាឱកាសនៃការអប់រំប្រជាពលរដ្ឋពីការចូលរួមថែរក្សាអនាម័យ និងផ្សព្វផ្សាយពីអត្ថន័យនៃពិធីបុណ្យ។ ក្រសួងក៏បាន បានណែនាំការរៀបចំសេវាស្នាក់នៅ និងសេវាកម្មម្ហូបអាហារជូនភ្ញៀវទេសចរ កុំឱ្យមានការខ្វះខាត ព្រមទាំងយកចិត្តទុកដាក់ពីការគ្រប់គ្រងតម្លៃសេវា ការទុកដាក់សំរាម កាកសំណល់ ទាំងនៅក្នុងទីតាំងអាជីវកម្ម និងទីសាធារណៈផងដែរ៕ អត្ថបទ៖ហ្សាលីន


