ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាល តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួប លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ និងគណៈប្រតិភូ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិភាក្សាការងារ និងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

មានប្រសាសន៍ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនអង្គប្រជុំថា ចាប់តាំងពីច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ត្រូវបានអនុម័តនៅខែកក្កដា ឆ្នាំ២០០៩ និងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១០ រហូតមកដល់ពេលនេះ ការចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជិការរបស់ក្រុមហ៊ុនវិស័យឯកជន ស្របតាមច្បាប់ខាងលើនៅមានកម្រិតនៅឡើយ។ ហេតុដូច្នេះហើយទើបក្រសួង ខិតខំជំរុញដល់វិស័យឯកជន ឱ្យជួយផ្សព្វផ្សាយបន្ត និងចូលរួមអនុវត្តច្បាប់ ឱ្យបានច្រើន ពិសេសជួយជ្រើសរើសជនមានពិការភាពចូលបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាស ស្របតាមជំនាញ សមត្ថភាព និងលទ្ធភាពរបស់ជនមានពិការភាព គឺជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជាដើម។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា ទី គឹមស្រ៊ាន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួង និងបានសម្ដែងក្ដីរីករាយក្នុងការគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមជួយផ្សព្វផ្សាយ និងអនុវត្តច្បាប់នេះ ដល់សមាជិកសមាគម តាមមធ្យោបាយនានា ក្នុងនោះការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឬបញ្ចូលកម្មវិធីនេះទៅក្នុងវេទិកាធុរកិច្ចណាមួយជាដើម។
លើសពីនេះ អ្នកឧកញ៉ាក៏បានសំណូមពរឱ្យក្រសួងជួយសម្របសម្រួលផ្ដល់ជាព័ត៌មាន ពីជនមានពិការភាព ដែលមានសមត្ថភាពឱ្យបានទូលំទូលាយជាសាធារណៈ ឬ ជួយធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួល (នីតិវិធីសាមញ្ញ)ដល់វិស័យឯកជនក្នុងការទទួល និងការជ្រើសរើសជនមានពិការភាពមកធ្វើជាបុគ្គលិកទៅតាមជំនាញ បទពិសោធ និងសេចក្តីត្រូវការរបស់និយោជក។
កិច្ចប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នាប្រកបដោយភាពរលូន ដោយភាគីទាំងពីរបានបង្ហាញការគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់ពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការឱ្យកាន់តែទូលំទលាយ និងមានប្រសិទ្ធភាពខ្ពស់៕






















