ការដោះដូរទំនិញកម្ពុជា ជាមួយដៃគូអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ២៣,៣៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ឆ្នាំ ២០២៦ កើនឡើង ១៩,៩% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ដែលមានទឹកប្រាក់ ១៩,៥០ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានចេញផ្សាយនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ២០២៦ កម្ពុជានាំទំនិញចេញទៅប្រទេសដៃគូអន្តរជាតិមានតម្លៃជាង ១១,១២ ពាន់លានដុល្លារ កើនឡើង ២១,៧% ចំណែកឯទំនិញនាំចូលមកវិញមានតម្លៃ ១២,២៦ ពាន់លានដុល្លារ កើនឡើង ១៨,៣%។

បើតាមយោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥សម្រេចបាននូវទំហំទឹកប្រាក់ ៦៥,២៥ ពាន់លានដុល្លារ កើនឡើង ១៨% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើនឡើង ១៧% និងនាំចូលមកវិញមានតម្លៃ ៣៣,៩៦ ពាន់លានដុល្លារ កើនឡើង ១៨%។
សូមជម្រាបដែរថា យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើន ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ៕អត្ថបទ៖ហ្សាលីន

