តម្លៃប្រេងឆៅក្នុងមួយបារ៉ែលបានកើនឡើង ៣ដុល្លារបន្ថែមទៀត ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិកថា ជារឿងមិនអាចទទួលយកបានទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើកការជួញដូរនៅថ្ងៃទី១១ ខែឧសភា តម្លៃប្រេងឆៅ Brent និង WTI បានកើនឡើង ៣,៣% ដល់ ១០៤ដុល្លារ និង ៩៨ដុល្លារក្នុងមួយបារ៉ែលរៀងៗគ្នា ដែលជាការបន្តកើនឡើង គិតចាប់តាំងពីការជួញដូរនៅវគ្គមុនមក។
យ៉ាងណាមិញ តម្លៃប្រេងឆៅនៅតែបន្តហក់ឡើងខ្ពស់បែបនេះ បន្ទាប់ពីការរំពឹងទុកនៃការបញ្ចប់ជម្លោះ ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យ បន្ទាប់ពីលោក ត្រាំ បានបញ្ជាក់ថាការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់អាមេរិក ជារឿងមិនអាចទទួលយកបាន។
ជុំវិញការវិវត្តទាំងនេះ មានន័យថាហានិភ័យនៃការផ្គត់ផ្គង់ប្រេងកាន់តែតឹងតែង និងនៅតែមិនទាន់ដោះស្រាយបាន។ ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេងឆៅ ២០% នៃពិភពលោក ត្រូវបានបិទស្ទើតែទាំងស្រុង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដែលបណ្តាលឱ្យតម្លៃប្រេងឆៅពិភពលោកកើនឡើងជិត ៦០% ក្នុងរយៈពេលថ្មីៗនេះ៕

