ប្រទេសចិន បានប្រកាសថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ហើយត្រូវបានគេរំពឹងទុកថានឹងលើកយកប្រធានបទអំពីប្រទេសអ៊ីរ៉ង់ និងពាណិជ្ជកម្ម មកពិភាក្សាជាមួយប្រធានាធិបតី លោក ស៊ី ជិនពីង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃទី១១ ខែឧសភាថា តបតាមការអញ្ជើញរបស់លោក ស៊ី ប្រធានាធិបតីអាមេរិក លោក ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ត្រាំ មកកាន់ប្រទេសចិន ក្នុងអាណត្តិទីពីររបស់លោក។
យ៉ាងណាមិញ ជុំវិញដំណើរទស្សនកិច្ចដ៏កម្រនេះ ប្រធានបទសំខាន់ៗដូចជាពន្ធគយ កោះតៃវ៉ាន់ ក៏ដូចជាការប្រកួតប្រជែងក្នុងវិស័យបញ្ញាសិប្បនិម្មិត និងរ៉ែយុទ្ធសាស្ត្រ ក៏ត្រូវបានគេរំពឹងថានឹងយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ផងដែរ។
ទន្ទឹមនឹងនេះ លោកស្រី Anna Kelly អនុប្រធានផ្នែកសារព័ត៌មានសេតវិមានបានប្រាប់អ្នកយកព័ត៌មានថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចដែលមានសារៈសំខាន់ខ្លាំង ដែលប្រជាជនអាមេរិក អាចទុកចិត្តបានថាប្រធានាធិបតី នឹងនាំមកនូវកិច្ចព្រមព្រៀងជាច្រើនទៀតដែលផ្តល់ប្រយោជន៍ដល់ប្រទេសជាតិ។
គួរជម្រាបជូនផងដែរថា យោងតាមអនុប្រធានផ្នែកសារព័ត៌មានសេតវិមានរូបនេះ ក៏បាននិយាយផងដែរថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយារបស់លោក ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ នៅចុងឆ្នាំ២០២៦ ខាងមុខ៕

