កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន។ នេះបើយោងតាមជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោកតំណាងប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ សម្តេចបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សម្តេចធិបតី និងតំណាងប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ប្រទេសទាំងពីរ តាមរយៈការរៀបចំឱ្យមានជំនួបធុរជន និងធុរជន និងវេទិកាធុរកិច្ចជាដើម ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត។
គួរឱ្យដឹងដែរថា តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ថែមទាំងបានផ្តល់លិខិតអញ្ជើញជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះផងដែរ៕ អត្ថបទ៖ហ្សាលីន


