បួនខែដំបូងឆ្នាំនេះ វៀតណាម ចំណាយលុយជាង ២,៦ពាន់លានដុល្លារ ក្នុងការនាំចូលពោត ស្រូវសាលី និងសណ្តែកសៀង

អន្តរជាតិ

វៀតណាម បានចំណាយទឹកប្រាក់អស់ជាង ២,៦ពាន់លានដុល្លារ ក្នុងការនាំចូលពោត ស្រូវសាលី​និងសណ្តែកសៀង ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងកសិកម្ម និងបរិស្ថាន បានបង្ហាញថា ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចូលស្រូវសាលីជិត ៤ លានតោន ដែលមានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ៦៦% នៃបរិមាណ និង ៦០% នៃតម្លៃបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ពោតក៏ត្រូវបាននាំចូលក្នុងបរិមាណច្រើនផងដែរ ដោយឈានដល់ ៤,៤ លានតោន ដែលមានតម្លៃជាង ១,១ពាន់លានដុល្លារ កើនឡើង ៤៩% នៃបរិមាណ និង ៤៣% នៃតម្លៃ។ ចំណែកឯការនាំចូលសណ្តែកសៀងបានឈានដល់ ១,១ លានតោន ដែលមានតម្លៃ ៥៤២លានដុល្លារ កើនឡើង ៦១% នៃបរិមាណ និង ៧០% នៃតម្លៃ។

បើតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការកើនឡើងនៃការនាំចូលគ្រាប់ធញ្ញជាតិសំខាន់ៗទាំងនេះ គឺដោយសារតែតម្រូវការវត្ថុធាតុដើមសម្រាប់ការចិញ្ចឹមសត្វ និងកែច្នៃអាហារហក់ឡើងខ្ពស់។

គួរជម្រាបជូនផងដែរថា ប្រេស៊ីល និងអាហ្សង់ទីន បច្ចុប្បន្នគឺជាអ្នកផ្គត់ផ្គង់ពោតធំជាងគេបំផុត ទៅកាន់ប្រទេសវៀតណាម ដែលមានចំនួនជិត ៨០% នៃចំណែកទីផ្សារ។ ចំពោះសណ្តែកសៀង សហរដ្ឋអាមេរិក និងប្រេស៊ីលមានចំនួនជិត ៩០% នៃតម្លៃនាំចូល។ ទន្ទឹមនឹងនេះ ប្រទេសអូស្ត្រាលី ប្រេស៊ីល និងកាណាដា គឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីសំខាន់ៗ របស់វៀតណាម ផងដែរ៕​