សមាជិក ៤រូបនៃគ្រួសារស្ថាបនិកក្រុមហ៊ុន Samsung ក្តាប់តំណែងអ្នកមានបំផុត នៅកូរ៉េខាងត្បូង

អន្តរជាតិ

សមាជិកបួននាក់នៃគ្រួសារស្ថាបនិករបស់ក្រុមហ៊ុន Samsung Group ឥឡូវនេះត្រូវបានចាត់ថ្នាក់ជាអ្នកមានបំផុតទាំងបួនរបស់កូរ៉េខាងត្បូង បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានកើនឡើង ៤០% ដោយសារតែតម្រូវការខ្ពស់សម្រាប់បន្ទះឈីបអង្គចងចាំ AI ខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lee Jae-yong ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Samsung Electronics ឥឡូវនេះ បានក្លាយអ្នកមានបំផុតរបស់ប្រទេសនេះ ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៣៤ពាន់លានដុល្លារ។

ចំណែកឯប្អូនស្រីៗពីរនាក់ទៀតរបស់លោក គឺលោកស្រី Lee Boo-jin និងលោកស្រី Lee Seo-hyun រួមជាមួយម្តាយរបស់ពួកគេ គឺលោកស្រី Hong Ra-hee បានជាប់ចំណាត់ថ្នាក់លេខពីរ លេខបី និងលេខបួន ក្នុងបញ្ជីអ្នកមានដាច់គេរបស់ប្រទេស។

លោកស្រី Lee Boo-jin ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃសណ្ឋាគារ Hotel Shilla មានទ្រព្យសម្បត្តិសរុប ១២,៤ពាន់លានដុល្លារ ខណៈលោកស្រី Lee Seo-hyun ជាប្រធានផ្នែកផែនការយុទ្ធសាស្ត្រនៅក្រុមហ៊ុន Samsung C&T មានទ្រព្យសម្បត្តិចំនួន ១២ពាន់លានដុល្លារ ខណៈដែលលោកស្រី Hong Ra-hee មានទ្រព្យសម្បត្តិចំនួន ១១,២ពាន់លានដុល្លារ។

ជម្រាបជូនថា Samsung Electronics គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក ខណៈផលិតផល HBM របស់ខ្លួនផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតបន្ទះឈីប AI ធំៗ រួមទាំង Nvidia, AMD និង Alphabet។ កាលពីសប្តាហ៍មុន តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ បានឈានដល់ ១ទ្រីលានដុល្លារ ដែលធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនអាស៊ីទីពីរបន្ទាប់ពីក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដែលឈានដល់កម្រិតតម្លៃទីផ្សារខ្ពស់បែបនេះ៕​