ឧកញ៉ាវេជ្ជបណ្ឌិត Carolyne Pung តំណាងក្រុមហ៊ុន​ OCIC Group ប្រគល់ថវិកាបរិច្ចាគជូន​កាកបាទក្រហមកម្ពុជា ២០ម៉ឺនដុល្លារ ដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ និងខួបលើកទី៧១ នៃកាកបាទក្រហមកម្ពុជា ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប (Canadia Integrated Group) ជាក្រុមហ៊ុន​សាជីវកម្មមេរបស់ក្រុមហ៊ុន​ OCIC Group តំណាងដោយ ឧកញ៉ាវេជ្ជបណ្ឌិត Carolyne Pung ជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប និងជានាយកប្រតិបត្តិនៃ មន្ទីរពេទ្យ អុីនធ័រឃែរ (Intercare Hospital) បានចូលរួមក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាផ្នែកមួយនៃការបន្តគាំទ្រដល់សកម្មភាពមនុស្សធម៌ និងគំនិតផ្តួចផ្តើមសម្រាប់សហគមន៍នៅកម្ពុជា ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប បានចូលរួមឧបត្ថម្ភជាលើកទី២៦ ចំនួន ២០០,០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ការឆ្លើយតបគ្រោះមហន្តរាយ ការអភិវឌ្ឍសហគមន៍ និងការជួយឧបត្ថម្ភដល់ប្រជាជន និងសហគមន៍ងាយរងគ្រោះ​នៅ​ទូទាំងប្រទេសកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។