ព្រឹទ្ធសភា បើកកិច្ចពិភាក្សាពិនិត្យលើសំណើរបស់រដ្ឋសភាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចាំបាច់ចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចពិភាក្សាដើម្បីដើម្បីពិនិត្យសំណើរបស់រដ្ឋសភាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចាំបាច់ចំនួន២។ កិច្ចប្រជុំពិភាក្សានេះ​ ធ្វើនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោក អ៊ុច បូររិ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានពិនិត្យសម្រេចលើរបៀបវារៈចំនួន៤ រួមមាន៖

១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។

​២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។៣-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។៤-ផ្សេងៗ។

យ៉ាងណាមិញ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតាមរបៀបវារៈរួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូន៖១-សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា។

និង២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណី ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា៕ អត្ថបទ៖ហ្សាលីន