សម្តេចធិបតី៖ សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើសព្វាវុធ និងគ្រឿងបំពាក់ទំនើបៗនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើសព្វាវុធ និងគ្រឿងបំពាក់ទំនើបៗនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ពីសម្តីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតដូចនេះថា៖« ប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិ គឺដោយសារមានកងទ័ពដែលពោពេញដោយភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥតលក្ខខ័ណ្ឌ ព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារៈសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅពេលចូលបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ។

សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់នៅក្នុងរយៈពេលមួយឆ្នាំនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមចិត្តដើម្បីជួយ។ បន្ថែមពីនេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងនៅក្នុងនិងក្រៅប្រទេស ទាំងមន្ត្រីរាជការ និងវិស័យឯកជន ដែលបានចូលរួមជាមួយកងទ័ពដើម្បីការពារជាតិ។ ទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រីមិនចង់ឱ្យស្មារតីនេះមានត្រឹមតែភ្លើងចំបើងទេ តែចង់ឱ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពមួយត្រៀមលក្ខណៈដ៏ពេញលេញមួយដើម្បីជួយប្រទេសជាតិ មាតុភូមិ»៕ អត្ថបទ៖ហ្សាលីន