លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិតថ្វាយព្រះពរ មានខ្លឹមសារដូចខាងក្រោម៖

«ទូលព្រះបង្គំយើងខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នាជា ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក​ទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមសម្ដែងនូវក្តីសោមនស្សរីករាយឥតឧបមាក្នុងព្រះរាជវរោកាស នៃព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណាថ្លៃវិសេស គម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ​នាថៃ្ងព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏បវរមហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមថ្វាយនូវព្រះរាជកតញ្ញូតាធម៌ដ៏​ជ្រាល​ជ្រៅ​បំផុតចំពោះព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវភលើត្បូង ដើម្បីបម្រើឧត្តម​ប្រយោជន៍ជាតិ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ប្រកបដោយទសពិធរាជធម៌ និងព្រះរាជហឬទ័យយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងភាពសុខក្សេមក្សាន្តចម្រុង​ចម្រើនរបស់ប្រជានុរាស្ត្រ​ខ្មែរ។

ទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នាសូមលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំង​ឡាយ​ក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗព្រះអង្គ ជាពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរបវរមហាប្រសើរបំផុតថ្វាយ ព្រះករុណាថ្លៃ​វិសេស សូមព្រះអង្គបានឆាប់ជាសះស្បើយ​ពីព្រះរោគជាស្ថាពរព្រមទាំងមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយ​ពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់​ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រខ្មែរ​នៅទូទាំងប្រទេស។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវ​អភិវន្ទន​កិច្ច​ប្រកប​ដោយគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា»៕