ចិន នឹងទិញទំនិញកសិកម្មរបស់អាមេរិកមានតម្លៃរាប់សិបពាន់លានដុល្លារ ក្រោយដំណើរទស្សននិច្ចលោក ត្រាំ

អន្តរជាតិ

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងបើកឱកាសសម្រាប់ការនាំចេញទំនិញកសិកម្មរបស់អាមេរិកបន្ថែមទៀតដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ក្រៅតែពីសណ្តែងសៀង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានព្យាករថា ប្រទេសចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញផលិតផលកសិកម្មរបស់អាមេរិកបន្ថែមទៀត ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ បន្ទាប់ពីមានកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៊ី​ នៅទីក្រុងប៉េកាំង។

យ៉ាងណាមិញ លោក Greer ក៏បាននិយាយទៀតថា កិច្ចព្រមព្រៀងដែលមានតម្លៃរាប់សិបពាន់លានដុល្លារនេះ នឹងមិនរាប់បញ្ចូល​ការទិញ​សណ្តែកសៀងមានតម្លៃរហូតដល់ទៅ​ ២៥ពាន់លានដុល្លារ ដែលប្រទេសចិនបាន​ប្ដេជ្ញាក្នុងខែតុលា ឆ្នាំ២០២៥ នោះទេ។

មិនតែប៉ុណ្ណោះ មុននេះ នៅក្នុងបទសម្ភាសជាមួយ Fox News លោក ត្រាំ បានបញ្ជាក់ផងដែរថា ប្រទេសចិននឹងទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកបន្ថែមទៀត។ កិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ នឹងត្រូវឃើញកើតមានឡើង ជារៀងរាល់ឆ្នាំ ក្នងរយៈពេលបីឆ្នាំខាងមុខ ដោយសារដំណើរទស្សនកិច្ចនេះ។

ជម្រាបជូនថា សណ្តែកសៀងបច្ចុប្បន្ន គឺជាការនាំចេញធំបំផុតរបស់ទំនិញកសិកម្មសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន។ សណ្តែកសៀងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាពាណិជ្ជកម្មក្នុងអំឡុងពេលអាណត្តិទាំងពីររបស់លោក ត្រាំ ផងដែរ។ ទន្ទឹមននឹងនេះ លោក Greer បាននិយាយថា ប្រទេសចិនកំពុងបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទិញសណ្តែកសៀងជាច្រើន ហើយទីក្រុងវ៉ាស៊ីនតោនរំពឹងថានឹងមានការទិញបន្ថែម នៅចុងឆ្នាំនេះ៕​