វប្បធម៌ និងកេរដំណែលប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា ត្រូវបាននាំយកទៅបង្ហាញ និងបង្អួតរាងយ៉ាងត្រដែតនៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ ក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណឧទ្យានហ្វារ៉ាង (Hwarangyuwonji) ស្ថិតក្នុងទីក្រុងអានសាន ខេត្ត Gyeonggi លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួល និងដឹកនាំការរៀបចំស្តង់ពិព័រណ៍កម្ពុជា ក្នុងកម្មវិធី “ទិវារួមគ្នា Ansan ឆ្នាំ២០២៦” (Ansan Together Day) ដែលជាការប្រារព្ធឡើងនូវទិវារួមគ្នាប្រចាំឆ្នាំលើកទី១៩។

ព្រឹត្តិការណ៍រំលឹកខួបនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរភាពសុខដុមរមនាពហុវប្បធម៌ ក្រោមប្រធានបទ “ទិវារួមគ្នា” ដើម្បីលើកកម្ពស់អន្តរកម្មឆ្លងវប្បធម៌ និងការរួមរស់ជាមួយគ្នា។ នៅក្នុងកម្មវិធីមានការបង្ហាញនូវសកម្មភាពយ៉ាងសម្បូរបែប រួមមានការសម្តែងវប្បធម៌ របាំប្រពៃណី តន្ត្រី និងការបង្ហាញទេពកោសល្យតាមប្រទេសនីមួយៗ ព្រមទាំងមានស្តង់តាំងបង្ហាញវត្ថុសិល្បៈ សម្លៀកបំពាក់ប្រជាប្រិយ វិស័យទេសចរណ៍ និងស្តង់អាហារអន្តរជាតិពិសេសៗសម្រាប់ជូនអ្នកទស្សនាផងដែរ។

អ្វីដែលជាចំណុចលេចធ្លោបំផុតនោះ គឺនៅលើឆាកផ្សព្វផ្សាយវប្បធម៌ ក៏មានការសម្តែងហត្ថសិល្បៈការពារខ្លួន «គុនល្បក្កតោ» ដែលជាកេរដំណែលអរូបិយដ៏ថ្កុំថ្កើងរបស់បុព្វបុរសខ្មែរ បង្ហាញជូនទស្សនិកជនអន្តរជាតិបានទស្សនា និងស្ងើចសរសើរមិនដាច់ពីមាត់។
ការចូលរួមរបស់កម្ពុជានាពេលនេះ មិនត្រឹមតែជាការចូលរួមអបអរសាទរថ្ងៃដ៏រីករាយនៃការផ្លាស់ប្តូរវប្បធម៌ និងការទទួលបានបទពិសោធន៍ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមាសក្នុងការកសាងទំនាក់ទំនងដ៏មានអត្ថន័យ រវាងប្រជាជនកម្ពុជា ជាមួយប្រជាជនកូរ៉េ ក៏ដូចជាប្រជាជនមកពីជុំវិញពិភពលោកផងដែរ៕




