CDC និងAmCham នឹងរៀបចំពិធីអាហារពេលព្រឹកធុរកិច្ច ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

CDC និង AmCham នឹងត្រៀមរៀបចំពិធីអាហារពេលព្រឹកធុរកិច្ច ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយ លោក Devin Barta ប្រធាន AmCham។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន គ្រោងនឹងធ្វើឡើងនាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមាន AmCham ទទួលបន្ទុកធ្វើជាអ្នកសម្របសម្រួល និងរៀបចំកម្មវិធី។ ឯកឧត្តមថា កម្មវិធីនេះ រៀបចំឡើង ដើម្បីកំណត់ប្រធានបទពិភាក្សាឱ្យបានច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃនិន្នាការសេដ្ឋកិច្ចសកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា សំដៅធានាដល់កាលានុវត្តភាពវិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។

នៅក្នុងជំនួបនោះ លោកប្រធាន Devin Barta បង្ហាញនូវក្តីរីករាយដែល AmCham ទទួលបានសេចក្តីទុកចិត្តក្នុងការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២នេះ ដែលនេះជាវេទិកាដ៏សំខាន់ក្នុងការបង្កើនការសន្ទនាដោយត្រង់ទៅត្រង់មកនិងជិតស្និទ្ធ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

សូមជម្រាបដែរថា តាមរយៈការត្រៀមរៀបចំយ៉ាងហ្មត់ចត់រវាង ក.អ.ក. និង AmCham ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ នាដើមខែមិថុនាខាងមុខ ត្រូវបានរំពឹងថានឹងបន្តដើរតួជាកាតាលីករដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួលដល់ប្រតិបត្តិការវិនិយោគិនពីវិស័យឯកជន។ កម្មពិធីនេះ ក៏ជាការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋនិងឯកជនឱ្យកាន់តែរឹងមាំ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន៕អត្ថបទ៖ហ្សាលីន