នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានមានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាការផ្គត់ផ្គង់ថាមពល ខណៈដែលប្រទេសទាំងពីរកំពុងតស៊ូជាមួយនឹងផលវិបាកនៃសង្គ្រាមមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Takaichi បាននិយាយថា លោកស្រី និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានគូសបញ្ជាក់ពីក្របខ័ណ្ឌមួយដើម្បីជំរុញស្តុកថាមពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនឹងធ្វើការឆ្ពោះទៅរកការបង្កើនសន្តិសុខថាមពល សម្រាប់ទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
ថ្លែអប្រាប់សន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីជួបជាមួយលោក Lee នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានបន្ថែមថា ដោយសារស្ថានភាពអន្តរជាតិបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកូរ៉េខាងត្បូងលើខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់រ៉ែសំខាន់ៗ គឺមានសារៈសំខាន់ខ្លាំង។
គួរឲ្យដឹងថា ប្រទេសជប៉ុន ពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ាសម្រាប់ការនាំចូលប្រេងប្រហែល ៩៥% របស់ខ្លួន ខណៈដែលកូរ៉េខាងត្បូងទទួលបានប្រេងឆៅប្រហែល ៧០% ពីតំបន់នេះ។
យ៉ាងណាមិញ ជុំវិញការបិទច្រកសមុទ្រ Hormuz ដ៏សំខាន់របស់អ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់ បានធ្វើឱ្យទីផ្សារថាមពលសកលមានភាពរង្គោះរង្គើយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះលោក Lee Jae Myung បានលើកឡើងទៀតថា ក្រៅតែវិស័យថាមពល ប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាទាក់ទងនឹងការរុករកអវកាស និងសុខភាពជីវសាស្ត្រ ក្នុងចំណោមបញ្ហាផ្សេងៗទៀតផងដែរ៕

