កម្ពុជា-ចិន នឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជកម្មទ្វេភាគីបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន នឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជកម្មទ្វេភាគីបន្ថែមទៀត សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងផលប្រយោជន៍ប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក LI Chenggang តំណាងពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន កាលពីចុងសប្តាស៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ព្រមទាំងការវិវត្តនៃបរិបទពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក។ ជាមួយនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកកាលានុវត្ត ភាពសេដ្ឋកិច្ចពាណិជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មកម្ពុជា-ចិននេះដែរ ក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-ធ្នូ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលំដាប់ទី១របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មកម្ពុជា ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១៩,៧ ពាន់លានដុល្លារ កើនឡើងជិត ៣០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៣.៦៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤.២៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីចិនមានដូចជា៖ អាស៊ាន ១៦,៣៧ ពាន់លានដុល្លារ; សហរដ្ឋអាម៉េរិក ១៣,១៥ ពាន់លានដុល្លារ; សហភាពអឺរ៉ុប ៥,៨៧ ពាន់លានដុល្លារ; ជប៉ុន ២,៥៣ ពាន់លានដុល្លារ; កាណាដា ១,៣៣ ពាន់លានដុល្លារ; ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារ; សាធារណរដ្ឋកូរ៉េ ៩២៣ លានដុល្លារ; អូស្រ្តាលី ៦២៥,៨៧ លានដុល្លារ; ឥណ្ឌា ៤១០,៦៩ លានដុល្លារ; និង អេម៊ីតអារ៉ាប់រួម៩៨,៧៦ លានដុល្លារ៕ អត្ថបទ​៖ហ្សាលីន