ក្រុមហ៊ុនធំមួយមានបំណងពង្រីកវត្តមានផលិតផល និងសេវាកម្មរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន EUROFAIR មានបំណងពង្រីកវត្តមានផលិតផល និងសេវាកម្មរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ នាពេលខាងមុខ ខណៈបចច្ចុប្បន្នក្រុមហ៊ុននេះ បានជួបពិភាក្សាលើរឿងនេះជាមួយក្រសួងពាណិជ្ជកម្មកម្ពុជារួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាកាលពីចុងសប្តាហ៍នៅទីស្តីការក្រសួងពាណិជ្ជកម្មរវាង លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក JOHN L. GORE តំណាងក្រុមហ៊ុន EUROFAIR និង ITE Group។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការចូលរួមរបស់វិស័យឯកជននៃប្រទេសទាំងពីរ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដែលរៀបចំឡើងនៅប្រទេសរុស្ស៊ី និងកម្ពុជា។

កិច្ចសហការនេះ មានគោលបំណងដើម្បីពង្រីកវត្តមានផលិតផល និងសេវាកម្មរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ និងទីផ្សាររុស្ស៊ី ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់រុស្ស៊ីនៅកម្ពុជាផងដែរ។

សូមជម្រាបដែរថា បើតាមក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាសម្រាប់នៅឆ្នាំ២០២៥ បន្ទាប់ពីចិនមានដូចជា៖ អាស៊ាន ១៦,៣៧ ពាន់លានដុល្លារ; សហរដ្ឋអាម៉េរិក ១៣,១៥ ពាន់លានដុល្លារ; សហភាពអឺរ៉ុប ៥,៨៧ ពាន់លានដុល្លារ; ជប៉ុន ២,៥៣ ពាន់លានដុល្លារ; កាណាដា ១,៣៣ ពាន់លានដុល្លារ; ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារ; សាធារណរដ្ឋកូរ៉េ ៩២៣ លានដុល្លារ; អូស្រ្តាលី ៦២៥,៨៧ លានដុល្លារ; ឥណ្ឌា ៤១០,៦៩ លានដុល្លារ; និង អេម៊ីតអារ៉ាប់រួម៩៨,៧៦ លានដុល្លារ៕ អត្ថបទ៖ហ្សាលីន