ប្រទេសអ៊ីរ៉ង់ បាននិយាយថាខ្លួននឹងមិនគិតថ្លៃដឹកជញ្ជូនសម្រាប់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ ប៉ុន្តែគ្រាន់តែប្រមូលថ្លៃសេវាសម្រាប់ សេវាកម្មច្រកសមុទ្រ ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ថា ៖” សេវាកម្មដែលផ្តល់ជូន រួមទាំងកប៉ាល់ណែនាំផ្លូវ និងវិធានការចាំបាច់ដើម្បីការពារបរិស្ថាននៅក្នុងច្រកសមុទ្រ Hormuz ឈូងសមុទ្រពែរ្ស និងសមុទ្រអូម៉ង់ តម្រូវឲ្យបង់ថ្លៃសេវាជាក់លាក់។ ប៉ុន្តែអ៊ីរ៉ង់មិនមែនកំពុងស្វែងរកការបង់ថ្លៃលើការដឹកជញ្ជូននោះឡើយ”។
បន្ទាប់ពីការផ្ទុះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងតេអេរ៉ង់ បានបិទចរាចរណ៍ដឹកជញ្ជូនភាគច្រើនឆ្លងកាត់ច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់ក៏បានដាក់ថ្លៃសេវាលើកប៉ាល់ដែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះផងដែរ។
គួរជម្រាបជូនថា បច្ចុប្បន្នប្រទេសនេះ បានអនុញ្ញាតឱ្យកប៉ាល់មួយចំនួនតូចប៉ុណ្ណោះអាចឆ្លងកាត់ច្រកសមុទ្រនេះបានជារៀងរាល់ថ្ងៃ ហើយតម្រូវឱ្យកប៉ាល់ទាំងនោះទទួលបានការអនុញ្ញាតពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ មុនពេលឆ្លងកាត់៕

