ឥណ្ឌា ងាកទៅរកប្រេងរបស់អាមេរិកឡាទីន និងអាហ្រ្វិក បន្ទាប់ពីមានការរំខាននៅច្រកសមុទ្រ Hormuz

អន្តរជាតិ

យោងតាមទិន្នន័យដែលផ្តល់ដោយប្រភពពាណិជ្ជកម្មឥណ្ឌា បង្ហាញឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសឥណ្ឌា បានងាកទៅរកការនាំចូលពីអាមេរិកឡាទីន និងអាហ្វ្រិកជំនួសវិញ បន្ទាប់ពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ាត្រូវបានរំខាន ខណៈសង្គ្រាមអ៊ីស្រាអែល-អាមេរិក លើអ៊ីរ៉ង់បានរឹតត្បិតការដឹកជញ្ជូននៅក្នុងច្រកសមុទ្រ Hormuz។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសដែលជាអ្នកនាំចូល និងប្រើប្រាស់ធំជាងគេទីបីរបស់ពិភពលោកមួយនេះ បានទិញប្រេងឆៅភាគច្រើនរបស់ពួកគេ ពីមជ្ឈិមបូព៌ា រហូតដល់សង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ។

យ៉ាងណាមិញ បើតាមទិន្នន័យបឋមពី Kpler បង្ហាញថា នៅក្នុងខែមេសា និងឧសភា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា បានបង្កើនការនាំចូលពីប្រទេសវេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា ដើម្បីបំពេញកង្វះខាត ក៏ដូចជាបន្តទិញប្រេងពីរុស្ស៊ី ផងដែរ។

ទិន្នន័យពីប្រភពដដែល បានបង្ហាញទៀតថា ទីក្រុងញូវដេលី បានកាត់បន្ថយការនាំចូលពីប្រទេសរុស្ស៊ីប្រហែល ២៩,៤% ពីខែមីនា មកត្រឹម ១,៦ លានបារ៉ែលក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែឧសភានេះ ប្រទេសឥណ្ឌា បានបង្កើនការទិញប្រេងរុស្ស៊ីដល់ប្រហែល ១,៩ លានបារ៉ែលក្នុងមួយថ្ងៃ និងប្រេងអ៊ីរ៉ាក់ប្រហែល ៤១ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

គួរជម្រាបជូនផងដែរថា រុស្ស៊ី នៅតែជាផ្គត់ផ្គង់ប្រេងកំពូលរបស់ឥណ្ឌា បន្ទាប់មកគឺអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ ប្រេស៊ីលគឺជាអ្នកផ្គត់ផ្គង់ធំទីបួន ខណៈពេលដែលវេណេស៊ុយអេឡាជាប់ចំណាត់ថ្នាក់ទីប្រាំ។ ទិន្នន័យពី Kpler បានបង្ហាញថា វេណេស៊ុយអេឡាកំពុងស្ថិតនៅលើផ្លូវក្លាយជាអ្នកផ្គត់ផ្គង់ធំទីបួន របស់ឥណ្ឌា នៅក្នុងខែឧសភានេះ៕