អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថាបានចេញសេចក្តីជូនដំណឹងមួយដែលបញ្ជាក់ថា «នាវាមិនឈ្លានពាន» ឬ ‘non-hostile vessels’ អាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន ប្រសិនបើពួកគេយល់ព្រមសហការជាមួយអាជ្ញាធរទីក្រុងតេអេរ៉ង់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

ក្រសួងការបរទេសអ៊ីរ៉ង់ បានផ្ញើលិខិតមួយទៅកាន់រដ្ឋជាសមាជិកនៃអង្គការសមុទ្រអន្តរជាតិ (IMO) ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ បានចាត់វិធានការចាំបាច់ និងសមាមាត្រ ដើម្បីទប់ស្កាត់អ្នកឈ្លានពាន និងសម្ព័ន្ធមិត្តរបស់ពួកគេពីការប្រើប្រាស់ច្រកសមុទ្រ Hormuz ដើម្បីធ្វើសកម្មភាពអរិភាពប្រឆាំងទៅនឹងអ៊ីរ៉ង់។
នៅក្នុងលិខិតដដែលនោះ អ៊ីរ៉ង់បានបញ្ជាក់ទៀតថា នាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ដូចជាភាគីផ្សេងទៀតដែលពាក់ព័ន្ធនឹងជម្លោះ មិនមានសេរីភាពក្នុងការធ្វើនាវាចរណ៍តាមផ្លូវទឹកដ៏សំខាន់មួយនេះឡើយ។
ប៉ុន្តែ សម្រាប់នាវាផ្សេងទៀតអាចធ្វើដំណើរបានដោយសុវត្ថិភាព ដរាបណាពួកគេមិនមានទំនាក់ទំនង ឬគាំទ្រសកម្មភាពឈ្លានពានណាមួយប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ ហើយនាវាទាំងនោះត្រូវតែគោរពយ៉ាងពេញលេញតាមបទប្បញ្ញត្តិសុវត្ថិភាព និងសន្តិសុខទាំងអស់ដែលបានបោះពុម្ពផ្សាយដោយអ៊ីរ៉ង់។
នៅដើមដំបូងនៃជម្លោះ អ៊ីរ៉ង់បានព្រមានថាកប៉ាល់ណាមួយដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវវាយប្រហារ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីទីក្រុងតេអេរ៉ង់ បានទទូចថាផ្លូវទឹកនៅតែបើកចំហ លើកលែងតែសត្រូវប៉ុណ្ណោះ។
ជម្រាបជូនថា ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រមួយ ដែលគ្រប់គ្រងការផ្គត់ផ្គង់ប្រេងប្រហែល ២០% នៃពិភពលោក និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចនៃតំបន់ឈូងសមុទ្រ៕

