ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលនៃគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី មានជំនឿ និងក្តីរំពឹងយ៉ាងមុតមាំថា ការចុះហត្ថលេខា នាថ្ងៃនេះ គឺជាសក្ខីភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើនមកទស្សនាព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការជំរុញកំណើនឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ក៏ដូចជាការចូលរួមឧបត្ថម្ភគាំទ្រដល់មហាគ្រួសារវិស័យទេសចរណ៍កម្ពុជា នៅគ្រប់ព្រឹត្តិការណ៍ យុទ្ធនាការ និងកម្មវិធីនានាជាច្រើន នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ភាពជាដៃគូជាមួយ AirAsia Cambodia ក៏បានឆ្លុះបញ្ចាំងបន្ថែមអំពីទំនុកចិត្តរយៈពេលវែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគរបស់ក្រុមហ៊ុន មកលើវិស័យទេសចរណ៍ និងអាកាសចរណ៍របស់កម្ពុជាផងដែរ តាមរយៈការពង្រីកបណ្តាញហោះហើរ បង្កើតផ្លូវធ្វើដំណើរថ្មីៗ ការបង្កើតឱកាសការងារ និងពង្រឹងការតភ្ជាប់របស់ប្រទេសកម្ពុជាជាមួយទីផ្សារសំខាន់ៗ ក្នុងតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរវាង CTB និង AirAsia Cambodia នាថ្ងៃនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការបន្តពង្រឹងកិត្តិនាមព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម ប្រកបដោយភាពទាក់ទាញ ការប្រកួតប្រជែងខ្ពស់ និងឈានមុខនៅក្នុងតំបន់៕



