សម្តេចធិបតី៖ ការវិនិយោគលើសុខុមាលភាពកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល។ ការលើកឡើងនេះ គឺដើម្បីអបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

សម្តេចធិបតី បន្តថា ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង​​ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។

ហេតុនេះ សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត៕ អត្ថបទ៖ហ្សាលីន