(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្មវិធីជិះកង់អង្គរ លើកទី៤ នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលប្រារព្ធធ្វើនៅបរិវេណនៃកសិណប្រាសាទអង្គរវត្ត និងមានអ្នកចូលរួមប្រមាណ ១ ០០០ នាក់។
កម្មវិធីនេះ មិនត្រឹមតែជាការលើកកម្ពស់សុខភាព និងការរួបរួមសាមគ្គីប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាការរួមចំណែកថែរក្សាបរិស្ថានតាមរយៈការដាំដើមឈើ និងគាំទ្រដល់និរន្តរភាពនៃប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើង។
សូមជម្រាបថា កម្មវិធីជិះកង់សប្បុរសធម៌អង្គរលើកទី៤ នេះមានការចូលរួមបរិច្ចាគ ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ៕





