សម្តេចធិបតី៖ ធ្វើជូនតាមសន្យាគម្រោងលម្ហែបៃតង ភ្នំខ្នងផ្សារ ដំណាក់កាលទី១ បានស្ថាបនារួចរាល់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសប៊ុកនាថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦ថា ដូចដែលធ្លាប់បានសន្យា គម្រោងលម្ហែបៃតង ភ្នំខ្នងផ្សារ ដំណាក់កាលទី១ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី លើកឡើងបែបនេះ បន្ទាប់ពីសម្តេច បានធ្វើឱ្យមហាជន និងអ្នកទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបង្ហាញវត្តមានផ្ទាល់ខ្លួនជាលក្ខណៈឯកជន នៅលើទឹកដីតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ «ខ្នងផ្សារ» ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា គម្រោងលម្ហែបៃតង ភ្នំខ្នងផ្សារ ដំណាក់កាលទី១ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរនេះ គឺស្ថាបនាដោយក្រសួងបរិស្ថាន។

សម្តេចធិបតី បញ្ជាក់ដែរថា គម្រោងនេះ មានគោលដៅក្នុងការពង្រឹងលើការផ្តល់សេវាកម្មរបស់សហគមន៍ឱ្យកាន់តែប្រសើរ ជាពិសេស សហគមន៍អាចធ្វើជាម្ចាស់គ្រប់គ្រងសមិទ្ធផលដោយផ្ទាល់ និងបែងចែករចនាសម្ព័ន្ធការងារ ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចក្នុងសហគមន៍បានកាន់តែប្រសើរឡើង។

បន្ថែមពីនេះ សហគមន៍ក៏អាចនឹងមានលទ្ធភាពក្នុងការផ្សព្វផ្សាយពីផលិតផលរបស់សហគមន៍ជូនដល់អ្នកទេសចរជាមួយនឹងផ្សារសហគមន៍ ដែលបានកសាងរួចរាល់ សំដៅបង្កើនផលិតកម្មក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាសហគមន៍ ចំនួន ១១៨គ្រួសារ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ និងជាផ្នែកមួយក្នុងការលើកមុខមាត់វិស័យទេសចរណ៍ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានលបលួចធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ។ ដំណើរនេះ មិនមែនជាដំណើរ ដើម្បីតែគយគន់ សម្រស់ភ្នំខ្នងផ្សារនោះទេ តែជាដំណើរមួយដើម្បីពិនិត្យពិច្ច័យកែខៃច្នៃ ឱ្យទីឋានធម្មជាតិដ៏ពិសិដ្ឋភ្នំខ្នងផ្សារឱ្យក្លាយទៅជាកន្លែងកម្សាន្ត និងទាញយកប្រយោជន៍សេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕អត្ថបទ៖ហ្សាលីន