សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយក ទីតាំងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំអន្តរជាតិរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា នៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង(ហ្វ្រង់កូហ្វូនី) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ដែលកិច្ចប្រជុំនោះនឹងមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា ពីបណ្ដាប្រទេសផ្សេងៗប្រមាណ៤០ប្រទេសដែលចូលរួម។

ការប្រកាសរបស់សម្តេចបានធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារថ្មី នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ។
សូមជម្រាបថា អគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ បាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលអគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារមិនត្រឹមតែជានិមិត្តរូបនៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការរីកចម្រើននៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធ ក្នុងការបំពេញបេសកកម្មប្រមូលចំណូល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ។

យោងតាមការឱ្យដឹងពី លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ បានឱ្យដឹងថា អគារថ្មីនេះត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិសុខនិងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើ ដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការ ទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត៕



