រដ្ឋ Florida កាលពីថ្ងៃទី១ មិថុនា បានប្តឹងទៅលើក្រុមហ៊ុន OpenAI និងនាយកប្រតិបត្តិរបស់ពួកគេ គឺលោក Sam Altman ដោយចោទប្រកាន់ក្រុមហ៊ុននេះថា បានបំភ្លៃសុវត្ថិភាពនៃវេទិកា ChatGPT របស់ខ្លួន ដែលនៅក្នុងពាក្យបណ្តឹងនោះបានបង្ហាញថា វាបានបង្កគ្រោះថ្នាក់ដល់កុមារ ដោយផ្តល់ទីតាំងសម្រាប់វាយប្រហារ ផ្តល់ការណែនាំអំពីការធ្វើបាកខ្លួនឯង និងធ្វើឲ្យអ្នកប្រើប្រាស់វ័យក្មេងញៀន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដោយក្លាយជារដ្ឋដំបូងគេបង្អស់ដែលចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន AI ខ្នាតយក្សនេះ អគ្គរដ្ឋអាជ្ញារដ្ឋ Florida លោក James Uthmeier ដែលជាសមាជិកគណបក្សសាធារណរដ្ឋ បានដាក់ពាក្យបណ្តឹងនៅតុលាការរដ្ឋ Florida។
ជុំវិញពាក្យបណ្តឹងនេះ បានលើកឡើងពីការបាញ់ប្រហារនៅសាកលវិទ្យាល័យ Tallahassee កាលពីឆ្នាំមុន និងព្រឹត្តិការណ៍មួយចំនួននៅក្នុងរដ្ឋផ្សេងទៀត ដែលក្នុងនោះ ChatGPT ត្រូវបានចោទប្រកាន់ថាបានផ្តល់ព័ត៌មានដល់មនុស្សដែលបន្តទៅប្រព្រឹត្តអំពើហិង្សា។
យ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Uthmeier បាននិយាយថា រដ្ឋបានបញ្ចេញឈ្មោះលោក Sam Altman ដោយផ្ទាល់ ពីព្រោះលោក គឺជាមនុស្សដែលមានតួនាទីដ៏សំខាន់ ក្នុងការជំរុញមុខងារមួយចំនួននៅលើ ChatGPT ដែលលោក Uthmeier បាននិយាយថា ជាការបង្កគ្រោះថ្នាក់ដ៏ធំបំផុត។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន AI នានាកំពុងប្រឈមមុខនឹងពាក្យបណ្តឹងកាន់តែច្រើនឡើងៗ ដោយចោទប្រកាន់ពួកគេថា បានបរាជ័យក្នុងការទប់ស្កាត់ការប្រាស្រ័យទាក់ទងរបស់ Chatbot ដែលដើមបណ្តឹងនិយាយថា បានរួមចំណែកដល់ការធ្វើបាបខ្លួនឯង ជំងឺផ្លូវចិត្ត និងអំពើហិង្សា៕

