សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញ សេចក្តីប្រកាស​ព័ត៌មាន ឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡៃ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដមឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាល​សំខាន់ៗ និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សាធារណរដ្ឋ​សង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការ ធ្វើឱ្យកាន់តែ​ស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើត​ទំនាក់​ទំនងការទូតនៅឆ្នាំក្រោយ។

នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកយកមកពិភាក្សាផងដែរ នូវបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។

ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម និងជួបពិភាក្សាជាមួយ ឯកឧត្តម ជិន ក៏មទូ សមាជិក ការិយាល័យ​នយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នាស្ថាបនា​អនាគត​របស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យ ពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕