លោក ត្រាំ នឹងមិនចូលរួមនៅក្នុងពិធីបើកព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នោះឡើយ

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនមានវត្តមាននៅក្នុងពិធីបើកព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅទីក្រុង Los Angeles នោះទេ ខណៈពេលដែលសហរដ្ឋអាមេរិក នឹងត្រូវប៉ះប្រទេសប៉ារ៉ាហ្គាយ សម្រាប់ការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Politico បានរាយការណ៍នៅថ្ងៃទី១០ ខែមិថុនា ដោយដកស្រង់ចេញពីប្រភពជិតស្និទ្ធនៅក្នុងសេតវិមានថា លោក ត្រាំ នឹងមិនចូលរួមពិធីបើកព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles នាថ្ងៃទី១៣ ខាងមុខនេះនោះឡើយ។

បន្ទាប់ពីពិធីបើក សហរដ្ឋអាមេរិកនឹងលេងការប្រកួតបើកឆាករបស់ពួកគេទល់នឹងក្រុមប៉ារ៉ាហ្គាយ។ អវត្តមានរបស់មេដឹកនាំប្រទេសជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ World Cup នៅក្នុងថ្ងៃបើកឆាកដំបូងនេះ ហាក់ត្រូវបានចាត់ទុកថាជារឿងមិនធម្មតាមួយ។ ដោយកាលពីព្រឹត្តិការណ៍ World Cup មុនៗ ព្រះមហាក្សត្រនៃប្រទេសកាតា ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីប្រេស៊ីល សុទ្ធសឹងតែបានបង្ហាញវត្តមាន នៅក្នុងពិធីបើកព្រឹត្តិការណ៍ នៅតាមប្រទេសរៀងៗខ្លួន។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហាអវត្តមានរបស់លោក ត្រាំ នេះ ខាងសេតវិមាននៅមិនទាន់បានចេញមុខបញ្ជាក់អ្វីច្បាស់នៅឡើយនោះទេ ខណៈពេលដែលរដ្ឋមន្ត្រីការបរទេស លោក Marco Rubio រួមជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក Markwayne Mullin នឹងត្រូវទៅរួមនៅក្នុងព្រឹត្តិការណ៍នេះជំនួសវិញ។

គួរជម្រាបជូនផងដែរថា នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ សហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតសរុបចំនួន ៧៨ ប្រកួត ខណៈពេលកាណាដា និងម៉ិកស៊ិក ក៏ជាម្ចាស់ផ្ទះសម្រាប់ ១៣ ប្រកួតផ្សេងផងដែរ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងកីឡដ្ឋាន MetLife Stadium ក្នុងរដ្ឋ New Jersey នៅថ្ងៃទី១៩ ខែកក្កដា៕​