ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបោះជំហានទៅមុខយ៉ាងលឿនក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយបានបញ្ចប់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល”។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីសិក្ខាកាមជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការសរុបចំនួន ៩៩៣ នាក់។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងសង្កត់ធ្ងន់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាពិសេស Generative AI និងម៉ូដែលភាសាទូលាយ (Large Language Models) មិនមែនជារឿងឆ្ងាយដៃ ឬជាក្តីស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ។ ផ្ទុយទៅវិញ វាកំពុងតែផ្លាស់ប្តូរទម្រង់ការងារ របៀបគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តរបស់យើងជារៀងរាល់ថ្ងៃ។ លោកក៏បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ត្រូវតែចាប់យកនិងរៀនប្រើប្រាស់ AI ធ្វើជាជំនួយការដ៏វៃឆ្លាត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែរហ័សនិងមានតម្លាភាព។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានរំលឹកពីតួនាទីដ៏សំខាន់របស់ក្រសួងថា៖ «ក.ប.ទ. ក្នុងនាមជាក្រសួងមានសមត្ថកិច្ចដឹកនាំបច្ចេកវិទ្យាឌីជីថល ត្រូវតែនាំមុខ និងធ្វើជាគម្រូដល់ក្រសួង ស្ថាប័នផ្សេងទៀត ក្នុងការចាប់យកបច្ចេកវិទ្យា AI»។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែជួយឱ្យមន្ត្រីរាជការចេះទាញយកផលប្រយោជន៍ជាអតិបរមាពី AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគាត់យល់ដឹងច្បាស់ពីហានិភ័យ និងក្រមសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះផងដែរ ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងរដ្ឋាភិបាលឌីជីថលប្រកបដោយនិរន្តរភាព៕



