តម្លៃមាសមួយអោនបានកើនឡើងជិត ១៥០ដុល្លារ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយត្រលប់ទៅកម្រិត ៤ ២០០ដុល្លារវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលការវាយប្រហារតាមអាកាសដែលបានគ្រោងទុករបស់លោក ទៅលើអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរ នៅថ្ងៃទី១១ ខែមិថុនា តម្លៃមាសបានកើនឡើង ១៤០ដុល្លារភ្លាមៗ ដល់ ៤ ២១០ដុល្លារក្នុងមួយអោន។ ហើយនៅពេលការជួញដូរបើកឡើងវិញជាថ្មី នៅថ្ងៃទី១២ ខែមិថុនា តម្លៃបានបន្តកើនឡើងបន្តិចម្តងៗ ដោយបច្ចុប្បន្នឈានដល់ ៤ ២២២ដុល្លារក្នុងមួយអោន។
ជុំវិញការហក់ឡើងវិញនៃទីផ្សារមាសនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលការវាយប្រហារតាមអាកាសដែលបានគ្រោងទុកលើអ៊ីរ៉ង់ ដោយលើកឡើងពីវឌ្ឍនភាពក្នុងការចរចា និងអះអាងថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ជិតចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។
ដំណឹងនៃការវាយប្រហារដែលត្រូវបានលុបចោលនេះ បានជួយបន្ធូរបន្ថយការព្រួយបារម្ភរបស់វិនិយោគិនអំពីអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់បន្ថែមទៀត។
គួរជម្រាបជូនថា នៅមុនពេលមានការប្រកាសនេះ តម្លៃមាសសកលបានធ្លាក់ចុះដល់កម្រិតប្រមាណ ៤ ១០០ដុល្លារក្នុងមួយអោន ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ មក៕

