នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីអំពី កាតាលីករសកល (GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលសហការរៀបចំដោយប្រទេសកម្ពុជា និងសាធារណរដ្ឋអ៊ូសបេគីស្ថាន នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ ក្នុងប្រទេសស្វ៊ីស។ កិច្ចពិភាក្សាក្នុងជំនួបនេះឆ្លុះបញ្ចាំងពីការយល់ឃើញរួមថា អនាគតនៃការងារ កិច្ចគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចដោះស្រាយបានទៀតទេតាមរយៈវិធីសាស្ត្រដាច់ដោយឡែកតាមវិស័យនីមួយៗ។

លោក ហេង សួរ បានចាត់ទុកថា កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នេះថា ជាកម្លាំងចលករដ៏ចាំបាច់ក្នុងការជំរុញទៅរកមហិច្ឆតាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងបរិបទវិបត្តិសកល ខណៈដែលបញ្ហាប្រឈមគឺត្រូវឆ្លើយតបដោយគោលនយោបាយសមាហរណកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការបន្តពង្រឹងសាមគ្គីភាពសកលឡើងវិញ។

សម្រាប់កម្ពុជា អាទិភាពទាំងនេះគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅចំណុចកណ្តាលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិកម្ពុជាបានប្តេជ្ញាចិត្តដ៏រឹងមាំលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រីកកិច្ចគាំពារសង្គម និងកំណើនប្រកបដោយបរិយាបន្ន។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើជំនាញ សមត្ថភាពទទួលបានការងារ និងកិច្ចគាំពារសង្គម គឺជាកត្តាចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពប្រកួតប្រជែងជាតិ និងភាពធន់សេដ្ឋកិច្ចសង្គមរយៈពេលវែង។

កម្ពុជាបានអនុម័តជាផ្លូវការនូវផែនទីបង្ហាញផ្លូវ(Roadmap)ក្រោមក្របខ័ណ្ឌ កាតាលីករសកល ឆ្នាំ២០២៥-២០២៨ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងកម្រិតខ្ពស់បំផុតនៃរាជរដ្ឋាភិបាលក្នុងការជំរុញការបង្កើតការងារសមរម្យ និងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន។ ផែនទីបង្ហាញផ្លូវនេះ ប្រកាន់យកវិធីសាស្ត្រចូលរួមទាំងរដ្ឋាភិបាល និងសង្គមទាំងមូល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព និយោជក ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសង្គមស៊ីវិល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។
អ៊ូសបេគីស្ថាន និង ILO បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ និងសហប្រធាននៃកិច្ចប្រជុំនេះ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការចូលរួមរបស់កម្ពុជា ក្នុងការប្រែក្លាយ កាតាលីករសកល ពីគំនិតផ្តួចផ្តើមសកល ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ការងារសមរម្យ ការគាំពារសង្គម និងអន្តរកាលយុត្តិធម៌៕


