កម្ពុជាជួបជុំតំណាងស្ថានទូត និងដៃគូអន្តរជាតិជាង ១០០ រូប ត្រៀមរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូន»

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាសហអធិបតីក្នុងកិច្ចប្រជុំស្តីពី «ការផ្តល់ព័ត៌មានទូទៅ និងសកម្មភាពត្រៀមរៀបចំព្រឹត្តការណ៍ “ភូមិហ្រ្វង់កូហ្វូន”» ក្រោមសហអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត និងតំណាងស្ថានទូតនៃបណ្តាប្រទេសនិយាយភាសាបារាំង ដៃគូអភិវឌ្ឍន៍អន្តរជាតិ សភាពាណិជ្ជកម្ម តំណាងវិស័យឯកជន  និងភាគីពាក់ព័ន្ធសរុបប្រមាណជាង១០០រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហួត ហាក់ បានលើកឡើងថាឆ្នាំ២០២៦ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលោកផងដែរ។

លោកបន្ថែមថា វាក៏ជាឱកាសសម្រាប់ធ្វើការបង្ហាញនូវវប្បធម៌ និងទំនៀមទំលាប់នៃប្រទេសជាសមាជិកជាង៩០ប្រទេស ផលិតផល និងសេវាកម្មរបស់សហគ្រិនទាំងអស់ជូនដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក គណៈប្រតិភូពីគ្រប់ទ្វីប និងសាធារណជនដែលរំពឹងថានឹងមកទស្សនាជាង១០០.០០០នាក់ក្នុងអំឡុងរៀបចំព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗ ដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាសនៃកិច្ចប្រជុំកំពូលនេះ ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួនពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។

ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ ត្រូវបានរំពឹងថានឹងមានការចូលរួមពីប្រទេសសមាជិកជាង ៩០ប្រទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងរួមចំណែកជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូន-Village Francophone» នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការរៀបចំទីតាំងសំខាន់ៗ ចំនួន៦ រួមមាន៖ ពន្លាជាតិ (National Pavilions) វេទិកាសិល្បៈប្រចាំថ្ងៃ កន្លែងសិក្ខាសាលា និងកិច្ចពិភាក្សា ភូមិម្ហូបអាហារ (Gastronomic Village) តំបន់ពិព័រណ៍ផលិតផលកម្ពុជា និងមជ្ឈមណ្ឌលព័ត៌មាន (Media Lounge)។