ក្រុមហ៊ុនល្បីមួយរបស់កូរ៉េ បង្កើតរោងចក្រផលិតខ្សែភ្លើងរថយន្ត តម្លៃ ២០ លានដុល្លារ នៅខេត្តកណ្តាល

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូកម្ពុជា កាលពីល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រតិបត្តិការរបស់ ក្រុមហ៊ុន Kyungshin Co., Ltd. ដែលមានឯកទេសក្នុងឧស្សាហកម្មផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានកំពុងវិនិយោគរោងចក្រនៅកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់ លោក Geum Woo Youn នាយកក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន។

ក្នុងទស្សនកិច្ចការងារនាឱកាសនេះ មានការចូលរួមពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, តំណាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM), ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុន Kyungshin Corporation ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤ មានជំនាញឯកទេសលើការផលិតខ្សែភ្លើងរថយន្ត (Wiring Harnesses) ឧបករណ៍ភ្ជាប់ចរន្ត (Connectors) ប្រអប់ហ្វុយស៊ីប/ប្រអប់បំបែកចរន្ត (Junction Blocks) ខ្សែកាប (Cables) និងប្រព័ន្ធអគ្គិសនីសម្រាប់រថយន្តអគ្គិសនី (EV Electrical Systems)។

បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងធ្វើការអភិវឌ្ឍយ៉ាងសកម្មលើបច្ចេកវិទ្យាទំនើបៗសម្រាប់រថយន្តអគ្គិសនី និងដំណោះស្រាយសម្រាប់ការធ្វើដំណើរនាពេលអនាគត (Future Mobility Solutions)។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Kyungshin បានបង្កើតរោងចក្រផលិតខ្សែភ្លើងរថយន្ត (Wire Harness) តាំងពីឆ្នាំ ២០១២ មកម៉្លេះ ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ២០ លានដុល្លារអាមេរិក ហើយបច្ចុប្បន្នរោងចក្រនេះមានកម្មករ និយោជិត បម្រើការងារចំនួន ១.៤៦៧ នាក់៕អត្ថបទ៖ហ្សាលីន