តម្លៃមូលធនទីផ្សាររបស់ SpaceX ហក់ឡើងលើសក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានកើនឡើងសម្រាប់វគ្គជួញដូរលើកទីបីជាប់ៗគ្នា ដែលជួយឲ្យក្រុមហ៊ុនអវកាសមួយនេះ វ៉ាដាច់ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos ដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតទីប្រាំនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរនៅថ្ងៃទី១៦ ខែមិថុនា ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស SpaceX បានកើនឡើងជិត ៥% ដល់ ២០១,៨ដុល្លារក្នុងមួយហ៊ុន។ ការកើនឡើងនេះបានជំរុញឱ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនហក់ឡើងដល់ ២,៦៦ទ្រីលានដុល្លារ ដែលធ្វើឱ្យ SpaceX ក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតទីប្រាំនៅសហរដ្ឋអាមេរិក ដោយវ៉ាដាច់ Amazon។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សនេះ បានកើនឡើងជាលំដាប់ចាប់តាំងពីការចេញលក់ IPO ដំបូងរបស់ខ្លួនកាលពីចុងសប្តាហ៍មុនមក។ បើប្រៀបធៀបទៅនឹងតម្លៃពេលចេញ IPO ដំបូង ១៣៥ដុល្លារ ភាគហ៊ុនរបស់ SpaceX បានកើនឡើងជាង ៦០% រួចមកហើយគិតមកទល់ពេលនេះ​ ដែលស្មើនឹងអត្រានៃការកើនឡើងភាគហ៊ុនរបស់ Amazon ក្នុងរយៈពេល ៥ឆ្នាំកន្លងមក។

ជម្រាបជូនថា SpaceX ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ជាក្រុមហ៊ុនដែលដំណើរការលើការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink និងរ៉ុក្កែតដែលអាចប្រើឡើងវិញបាន។ កាលពីខែកុម្ភៈ លោក Musk បានបញ្ចូលក្រុមហ៊ុននេះជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ដែលបានទិញយកបណ្តាញសង្គម X កាលពីឆ្នាំមុនផងដែរ៕​