លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ OB-PS ថ្វាយ សម្តេចព្រះមហាក្សត្រី

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានសហគមន៍ Olave Baden-Powell Society (OB-PS) តែងតាំងជាប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា ព្រមទាំងទទួលបានពានរង្វាន់កិត្តិយសថ្នាក់អន្តរជាតិ ខណៈលោកជំទាវក៏បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ទទួលពានរង្វាន់ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏មហាកិត្តិយសនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ដើម្បីទទួលជំនួសនូវ «ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)» ដែលសហគមន៍ OB-PS បានថ្វាយជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

ការថ្វាយពានរង្វាន់ដ៏ឧត្តុង្គឧត្តមនេះ គឺដើម្បីដឹងគុណចំពោះព្រះរាជហឫទ័យ និងព្រះសកម្មភាពដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងនាមជាព្រះប្រធានកិត្តិយសរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលតែងតែបំពេញព្រះរាជកិច្ចសង្គម មនុស្សធម៌ និងជាពិសេសគឺការលើកកម្ពស់តម្លៃ ក៏ដូចជាសិទ្ធិរបស់ស្ត្រីគ្រប់រូប។

ក្នុងកម្មវិធីដដែលនោះ ចលនាសង្គមមួយនេះកាន់តែមានភាពរីកចម្រើន ដោយមានសមាជិក-សមាជិកាថ្មីចំនួន ៨៦រូប បានស្ម័គ្រចិត្តចូលរួមជាសមាជិកពេញសិទ្ធិរបស់សហគមន៍ OB-PS។ ការចូលរួមយ៉ាងច្រើនកុះករនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញ និងគាំទ្រដល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីពិភពលោក ឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត នាពេលអនាគត៕