តម្លៃមាសអន្តរជាតិប្រែប្រួល ដោយធ្លាក់ចុះមកនៅក្រោម ៤ ២០០ដុល្លារ/មួយអោន

អន្តរជាតិ

មាសអន្តរជាតិបច្ចុប្បន្នកំពុងត្រូវបានជួញដូរនៅក្នុងតម្លៃក្រោម ៤ ២០០ដុល្លារក្នុងមួយអោន ដោយសារតែមានលទ្ធភាពដែលធនាគារកណ្តាលអាមេរិក (Fed) នឹងដំឡើងអត្រាការប្រាក់ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរនៅថ្ងៃទី១៨ មិថុនា តម្លៃមាសបានធ្លាក់ចុះជិត ៤៨ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ២០៨ដុល្លារក្នុងមួយអោន។ ហើយនៅពេលបើកការជួញដូរឡើងវិញ នៅថ្ងៃទី១៩ ខែមិថុនានេះ តម្លៃមាសបានធ្លាក់ចុះមក ២៥ដុល្លារបន្ថែមទៀត ដែលបច្ចុប្បន្នកំពុងជួញដូរនៅក្នុងតម្លៃ ៤ ១៨៥ដុល្លារ។

ជុំវិញការផ្លាស់ប្តូរទីផ្សារនេះ ត្រូវបានដាក់សម្ពាធដោយប្រាក់ដុល្លារដែលឡើងថ្លៃ និងសញ្ញានៃការរឹតបណ្តឹងរូបិយវត្ថុពីធនាគារកណ្តាលអាមេរិក Fed ។ តែទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនេះមិនខ្លាំងពេកនោះទេ ដោយសារតែមានកិច្ចព្រមព្រៀងសន្តិភាពរវាងសហសរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជំរុញឱ្យតម្លៃប្រេងឆៅធ្លាក់ចុះ ដែលបន្ធូរបន្ថយការព្រួយបារម្ភអំពីអតិផរណា។

គួរជម្រាបជូនផងដែរថា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរបស់ខ្លួន នៅថ្ងៃទី១៧ ខែមិថុនា ធនាគារកណ្តាលសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែល។ តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីប្រាំបួនរូបរបស់ Fed បានបង្ហាញថា ការដំឡើងអត្រាការប្រាក់គឺចាំបាច់ នៅឆ្នាំនេះ ដែលនឹងជំរុញឲ្យប្រាក់ដុល្លារឡើងថ្លៃ ហាក់ដាក់សម្ពាធលើមាសវិញ៕​