ស្ងាត់ៗ ប្រទេសវៀតណាម កំពុងត្រៀមអភិវឌ្ឍន៍ទៅលើប្រព័ន្ធសេវា 6G នៅក្នុងឆ្នាំ ២០២២ នេះ

អន្តរជាតិ

ថ្មីៗមានរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានបង្ហាញថា ប្រទេសវៀតណាមមានគម្រោងនឹងផ្តោតទៅលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាឥតខ្សែ 6G នៅក្នុងឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងទំនាក់ទំនង លោក Nguyen Manh Hung បានប្រាប់សន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងហាណូយ កាលពីដើមសប្តាហ៍នេះថា វាជាពេលវេលាដ៏ល្អបំផុតមួយ ដែលប្រទេសរបស់លោក នឹងឈានដល់ការអភិវឌ្ឍន៍សេវា 6G និងថែមទាំងអាចពង្រឹងទៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រទេសរបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើ Cloud Computing , Digital Platform និង As Service ផងដែរ ។

យ៉ាងណា ឧស្សាហកម្មប្រភេទនេះ បើតាមការប៉ាន់ស្មានបានបង្ហាញថា សេដ្ឋកិច្ចឌីជីថល កំពុងតែមានការកើនឡើង ក្នុងល្បឿន ១៣៦ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងក្រុមហ៊ុនជាង ៦៤ ០០០ កំពុងធ្វើអាជីវកម្ម ។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីខាងលើបានមានប្រសាសន៍ទៀតថា ” វៀតណាម នឹងអភិវឌ្ឍន៍ហេដ្ឋារចនាម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលរបស់ខ្លួនឱ្យបានឆាប់រហ័ស ជាមួយនឹងគោលបំណង ដើម្បីក្លាយជាប្រទេសឈានមុខគេមួយលើពិភពលោក ក្នុងវិស័យឌីជីថល ជាមួយនឹងចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគត និងបំពេញតាមតម្រូវការកម្មករជំនាញ នៅក្នុងវិស័យមួយនេះ ” ។

បន្ថែមពីនេះ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ទៀតថា សារ:សំខាន់នៃការអភិវឌ្ឍន៍សមត្ថភាពរបស់វៀតណាម សម្រាប់ប្រព័ន្ធ Cloud Computing និង Digital Platform ដែលចាត់ទុកថាជាវិស័យរីកចម្រើនដ៏ឆាប់រហ័សបំផុត នឹងទទួលបានអត្រាកំណើនប្រចាំឆ្នាំ ពី ១៥% ទៅ ២០% ។

លោករដ្ឋមន្រ្តីដដែលនេះ បាននិយាយបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺស្ថិតនៅក្នុងចំណោមអាទិភាពខ្ពស់បំផុត សម្រាប់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍន៍ បន្ទាប់ពីវៀតណាម បានដាក់គោលដៅដើម្បីក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសកំពូលទាំង ៣០ ដែលមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប និងរឹងមាំបំផុត នៅក្នុងឆ្នាំ ២០២៥ ៕

ប្រភព: TheStar